ទំនងជាទស្សនិកជនរិះគន់ចំចំណុចរសើបខ្លាំងទើបអតីតតារាកំប្លែង និងជាអ្នកលក់អនឡាញនាពេលបច្ចុប្បន្នផ្ទុះប្រតិកម្មតបទៅអ្នករិះគន់វិញយ៉ាងចាស់ដៃ។
ពាក្យពេចន៍ធ្វើឱ្យ ខ្ញុង ផ្ទុះប្រតិកម្មតបវិញទៅកាន់អ្នករិះគន់ បន្ទាប់ពីអ្នកខំមិនម្នាកបានចូលខំមិនក្នុងការ live របស់នាងថា៖”ជាទូទៅចំពោះអ្នកលក់អនឡាញខ្លះដែលទាមទារការចូលមើល (view) ច្រើន អ្វីក៏ហ៊ានធ្វើ ដោយនៅក្នុងនោះរហូតហ៊ានធ្វើពុតជាឈឺអោយគេអាណិតថែមទៀតផង»។
ការខំមិននេះហាក់ត្រូវរឿងរបស់តារាកំប្លែងខាងលើធ្លាប់ឆ្លងកាត់កាលពីពេលថ្មីដែលស្វាមីរបស់នាងកំពុងតែ live សុខៗស្រាប់តែមានបញ្ហាវៀចមាត់វៀចកត្រូវដឹកទីកាន់មន្ទីរពេទ្យភ្លាមៗ ទើបធ្វើអោយអ្នកនាង ខ្ញុង ហាក់រង្គាស់ចិត្ត អត់ទ្រាំពុំបាន ក៏ចេញមុខឆ្លើយតបចំពោះការរិះគន់មួយនេះ។
អតីតតារាកំប្លែងល្បីឈ្មោះរូបនេះបានលើកឡើងថា អាយុជីវិតរបស់មនុស្សមិនអាចយកជាការលេងសើចបានទេ ហើយអាយុជីវិតរបស់មនុស្សក៏មិនអាចយកមកប្ដូរជាមួយការចង់បានអ្នកចូលមើលច្រើននោះដែរ។ អ្នករិះគន់ គួរតែរិះគន់ក្នុងន័យជួយស្ថាបនា និងកែលំអរ មិនរិះគន់ដើម្បីជាន់ពន្លេច ខណៈគេកំពុងតែជួបបញ្ហានោះទេ។
នាង និងស្វាមីគ្មានការទាមទារការអាណិតសាសូរពីទស្សនិកជននោះទេ គ្រាន់តែការ live របស់ចាប់តាំងពីមុនរហូតមកទល់នឹងពេលនេះ គឺដើម្បីលក់របស់របរ ដើម្បីបានលុយខ្លះចិញ្ចឹមជីវិត និងខ្លះទៀតយកទៅដោះបំណុលគេតែប៉ុណ្ណោះ។
ខ្ញុង បានបន្ថែមទៀតថារឿងរាវដែលបានកើតឡើងលើស្វាមីរបស់ខ្លួន នាយ កៃដ ដូចអ្វីទស្សនិកជនបានរិះគន់ គឹមកទល់នឹងបច្ចុប្បន្នស្វាមីរបស់នាង បានធូរស្បើយពីជំងឺច្រើនហើយក៏ចាប់ផ្ដើម live លក់របស់របរផ្សេងៗដូចមុនដើម្បីយកលុយដោះបំណុលគេផងដែរ។
សូមបញ្ជាក់ថា នៅក្នុងការ Live មួយកាលពីពេលថ្មីៗលោក កៃដ ដែលស្វាមីអ្នកនាង ខ្ញុង ស្រាប់តែទាញវៀចមុខ វៀចមាត់ ភ្នែកក្រឡាប់ឡើងលើ រីឯម្រាមដៃក៏សរសៃទាញដែរ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីមហាជន។ ភ្លាមៗនាង ក៏បានដឹកស្វាមីទៅសង្គ្រោះបន្ទាន់នៅពេទ្យឯកជនមួយ មុននឹងសម្រេចចិត្តដឹកស្វាមីឲ្យទៅសំរាកព្យាបាលតាមដានអាការៈបន្តនៅមន្ទីរពេទ្យកាល់ម៉ែត។
បន្ទាប់ពីហេតុការណ៍បានកើតឡើង អ្នកនាងក៏បានចេញមុខរៀបរាប់បញ្ជាក់ និងស្រាយចម្ងល់មហាជន ក៏ដូចជាឆ្លើយតបបំភ្លឺចំពោះទៅនឹងមតិអវិជ្ជមានមួយចំនួនដែលលើកឡើងថា អ្នកនាងនិងគ្រួសារមិនមែនសម្ដែងដើម្បីយកចំណាប់អារម្មណ៍ពីមហាជនទេ តែជារឿងពិតប្រាកដ៕