ស្នងការនគរបាលរាជធានីភ្នំពេញ ណែនាំកម្លាំងនគរបាលរាជធានីភ្នំពេញត្រូវត្រៀមសម្ភារៈ មធ្យោបាយ និងកម្លាំង ចេញការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋទៅបោះឆ្នោត នៅតាមការិយាល័យបោះឆ្នោតឱ្យទទួលបានសុខសុវត្ថិភាពល្អ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសម្រាប់ដំណើរការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់អណត្តិទី៥ឱ្យទទួលបានសុខសុវត្ថិភាព នៅគ្រាដែលដំណើរការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់អណត្តិទី៥ ប្រព្រឹត្តទៅនាថ្ងៃទី០៥ ខែមិថុនា ខាងមុខ នៅសល់តែ១១ថ្ងៃទៀតប៉ុណ្ណោះ ហើយបើយោងតាមតារាងព័ត៌មានរបស់លេខាធិការដ្ឋានរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ គឺមានប្រជាពលរដ្ឋបានចូលរួមចុះឈ្មោះបោះឆ្នោតមានចំនួន៨៩៩.៦៨៨នាក់ មានមណ្ឌលបោះឆ្នោត២៦៥ មណ្ឌល ក្នុងនោះមានការិយាល័យបោះឆ្នោត២.១៩៧ ការិយាល័យ ។

ខណៈនោះឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក៏បានណែនាំដល់កម្លាំងនគរបាលរាជធានីភ្នំពេញ ត្រូវត្រៀមមធ្យោបាយសម្ភារៈ និងកម្លាំង ចេញការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋឱ្យទទួលបានសុខសុវត្ថិភាពល្អ ហើយកម្លាំងដែលត្រូវការពារនៅមណ្ឌលនិងការិយាល័យបោះឆ្នោត អនុវត្តឱ្យបានត្រឹមត្រូវតាមគោលការណ៍ច្បាប់បោះឆ្នោត គឺជាកម្លាំង បំរើប្រជាពលរដ្ឋពិតប្រាកដ សុភាពរាបសា ដែលគេមើលឃើញមិនមែនជាកម្លាំងឈរការពារគំរាមកំហែងប្រជាពលរដ្ឋនោះទេ ធ្វើបែបនេះដើម្បីចៀសវាងកុំឱ្យមានការចោទកាន់មកលើអាជ្ញាធរសមត្ថកិច្ច និងក៏បានណែនាំកុំនៅក្បែរប្រជាពលរដ្ឋចូលទៅបោះឆ្នោត ដោយកម្លាំងការពារនៅឱ្យឆ្ងាយពីការិយាល័យបោះឆ្នោតយ៉ាងហោចណាស់១៥ម៉ែត្រ ចំពោះអ្នកការពារនៅខាងក្នុងទីតាំងបោះឆ្នោត ស្លៀកពាក់ឯកសណ្ឋានការងារ ពាក់មួក និងក្រវ៉ាត់ក ចំណែកកម្លាំងការពារបរិវេណនៅខាងក្រៅទីតាំបោះឆ្នោត គឺនៅឱ្យឆ្ងាយយ៉ាងហោចណាស់១០០ម៉ែត្រ ដែលស្លៀកពាក់ឯកសណ្ឋានឈុត។
ឯកឧត្តម អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានលើកឡើងទៀតថា៖ក្រៅពីកម្លាំងឈរជើងការពារការិយាល័យនិងមណ្ឌលបោះឆ្នោត ក៏ត្រូវត្រៀមហើយរួចជាស្រេចនូវកម្លាំងចេញអន្តរាគមន៍ ដែលត្រូវឈរជើងនៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងអន្តរាគមន៍នេះគឺត្រៀមចេញដោះស្រាយសភាពការណ៍សន្តិសុខ នៅពេលកើតមានហេតុការអ្វីមួយកើតឡើងនៅពេលបោះឆ្នោត។
សូមបញ្ជាក់ថា៖បើយោងតាមការបញ្ជាក់ឱ្យដឹងពីអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់អ្នកសារព័ត៌មានក្នុងស្រុកឱ្យដឹងថ្មីៗនេះថានៅក្នុងតំណាក់កាលនៃការបោះឆ្នោតគឺស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងប្រើប្រាស់កម្លាំងជាង៤៦០០នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap