កុមារី ថា ស្រីណុច ដែលកំពុងទទួលការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន និងមហាជននានាកំពុងនាំគ្នាជួយ បន្ទាប់ពីកុមារីរូបនេះបានធ្លាក់ចេញពីកម្មវិធី The Voice Kids Cambodia និងបានដឹងរឿងរ៉ាវជាច្រើនកំពុងប្រឈមមក។
ជាក់ស្ដែងអគ្គនាយិកាក្រុមហ៊ុន ស៊ីប៊ែលប៉ារីស និងម្ចាស់ផលិតផលសារ៉ាយសមុទ្រដ៏ល្បីឈ្មោះលោកស្រី លោកស្រី សុខ រស្មី បានផ្តល់ថវិការចំនួន ៨០ ម៉ឺនរៀល និងសំភាសរៈផ្សេងៗទៀតដល់កុមារី ថា ស្រីណុច ដែលបរាជ័យក្នុងការប្រលងកម្មវិធី The Voice Kids Cambodia 2022 កាលពីពេលថ្មីនេះ ក្រោយពីឃើញប្រវត្តិកំសត់របស់នាង ។
នៅពេលប្រកួតក្នុងកម្មវិធីចម្រៀងនោះកុមារី ថា ស្រីណុច បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ខ្លាំងជាមួយនិងប្រវត្តិដ៏លំបាក និងជីវិតកំសត់ របស់ខ្លួន សូម្បីតែសម្លៀកបំពាក់ដែលនាងស្លៀកចូលរួមប្រកួតនោះក៏មិនមែនជារបស់នាងដែរ គឺបានអ្នកគ្រូពេទ្យម្នាក់ផ្តល់ឱ្យនាងសម្រាប់ចូលរួមប្រកួត ។
ក្រោយពីបរាជ័យក្នុងការប្រលងចម្រៀងលំដាប់ពិភពលោក The Voice Kids Cambodia 2022 មក មានសប្បុរសជនជាច្រើនបានផ្តល់ជាថវិការ ព្រមទាំងសំភារៈផ្សេងៗដល់កុមារី ថា ស្រីណុច ជាបន្តបន្ទាប់ ជាក់ស្តែងកាលពីថ្ងៃទី ១២ ខែ តុលា កន្លងមកនេះ លោកស្រី សុខ រស្មី ដែលជាអគ្គនាយិការក្រុមហ៊ុន ស៊ីប៊ែលប៉ារីស ក៏បានផ្តល់ជាថវិការផ្ទាល់ខ្លួនដល់កុមារី ថា ស្រីណុច ផងដែរ ។ ដោយលោកស្រីបានឱ្យដឹងថា ក្រោយពីឃើញការលំបាក់របស់ក្មូយស្រីលោកស្រីក៏បានផ្តល់អំណោយខ្លះៗដល់ក្មួយស្រី ថា ស្រីណុច ។
អំណោយដែលលោកស្រី សុខ រស្មី បានផ្តល់ដល់កុមារី ថា ស្រីណុច រួមមាន ថវិការចំនួន ៨០ ម៉ឺនរៀល គ្រឿងឧបភោគបរិភោគ ដូចជា អង្ករ មី ទឹកត្រី ត្រីខ និងសំភារៈសិក្សាជាច្រើនទៀត ទុកសម្រាប់នាងបន្តការសិក្សា ។ លោកស្រី សុខ រស្មី បានបន្ថែមទៀតថា ការជួយនេះគឺដោយក្តីអាណិតអាសូរនិងសូមឱ្យក្មួយស្រីខំប្រឹងប្រែងតស៊ូ ក្នុងជីវិតជាបន្តទៀតកុំបោះបង់ចោលការសិក្សា ។
លោកស្រី សុខ រស្មី ជាសប្បុរសជនម្នាក់ដែលមានទឹកចិត្តល្អ តែងតែធ្វើការងារសប្បុរសធម៌ ជួយដល់អ្នកក្រីក្រ ដែលជួបនូវទុក្ខលំបាក ជាក់ស្តែងកន្លងមកលោកស្រីបានជួយដល់អ្នកក្រីក្រជាច្រើនតាមខេត្តក្រុងនានា ទៅតាមលទ្ធភាពដែលខ្លួនមាន បើទោះបីជាលោកស្រីមិនមែនជាអ្នកមានទ្រព្យសម្បត្តិ ស្តុកស្តម តែលោកស្រីតែងតែចែករំលែកនូវអ្វីខ្លួនមានទៅកាន់អ្នកខ្វះខាត ពីព្រោះពេលដែលធ្វើសកម្មភាពបែបនេះធ្វើឱ្យលោកស្រីសប្បាយចិត្ត ។
ដោយឡែកកុមារី ថា ស្រីណុច វិញ នៅពេលឃើញទឹកចិត្តដ៏ល្អរបស់លោកស្រី សុខ រស្មី ចំពោះខ្លួន បែបនេះ នាងទប់ទឹកភ្នែកស្ទើរតែពុំបាន ។
កុមារី ថា ស្រីណុច បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍បន្ទាប់ពីបរាបជ័យក្នុងការប្រកួតចម្រៀងមួយ ក្រោយមកនាងក៏បានបង្ហាញពីប្រវត្តិកំសត់ខ្លះៗរបស់ខ្លួនរហូតធ្វើឱ្យទស្សនិកជនជាច្រើនចាប់អារម្មណ៍ ។ កុមារី ថា ស្រីណុច គឺជាកូនទី ២ ក្នុងគ្រួសារក្រីក្រមួយនៅខេត្ត រតនៈគីរី បច្ចុប្បន្ននាងជាសិស្សថ្នាក់ទី ៩ នៅទីនោះ រាល់ពេលទំនេរពីការសិក្សា នាងតែងតែជួយការងារឪពុកម្តាយដែលមានជីវភាពខ្វះខាត ដោយទៅស៊ីឈ្នួលលាងចាន បោកខោអាវ រើសអាចម៌គោ និង រើសគ្រាប់ស្វាយចន្ទី លក់ យកប្រាក់មកជួយដល់គ្រួសារ ដែលឪពុករបស់នាងពិការ មិនមានកម្លាំងទៅប្រកបការងារអ្វី ក្រៅពីរកត្រីលក់ចិញ្ចឹមគ្រួសារនោះទេ ។ ទោះបីជីវិតជួបនូវការលំបាកយ៉ាងណាក្តី កុមារី ថា ស្រីណុច បេ្តជ្ញាចិត្តមិនបោះបង់ការសិក្សាចោលឡើយ នាងនឹងខិតខំបន្តការសិក្សារហូតដល់ចប់ថ្នាក់វិទ្យាល័យ ៕