ជួញដូរនិងរក្សាទុក ដោយខុសច្បាប់ នូវសារធាតុញៀន ជាង ៥ គីឡូក្រាម ជនជាតិចិនម្នាក់ ត្រូវបានតុលាការប្រកាសផ្តន្ទាទោស ដាក់ពន្ធនាគារ១០ឆ្នាំ
ភ្នំពេញ ៖ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ សាលាដំបូង រាជធានីភ្នំពេញ បានប្រកាសសាលក្រម ផ្តន្ទាទោស ជនជាតិចិនម្នាក់ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ក្រោមការចោទ
ប្រកាន់ ពីបទជួញដូរ និងរក្សាទុក ដោយខុសច្បាប់ នូវសារធាតុញៀន ៦០ ដប ទម្ងន់ជាង ៥ គីឡូក្រាម។
ជនជាប់ចោទ ជាជនជាតិចិន ឈ្មោះ ZHANG ZHI QIANG ភេទប្រុស អាយុ៣២ឆ្នាំ កាន់លិខិតឆ្លងដែន E89753382 ដាក់ពន្ធនាគារ កំណត់ ១០ ឆ្នាំ និងពិន័យប្រាក់ ចំនួន ៣០ លានរៀល បង់ចូលថវិការដ្ឋ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១៤:៣០ នាទី កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១០) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សារី បុត្រសត្យា និងលោក វរសេនីយ៍ឯក យឹម សែនឧត្តម នាយករងមន្ទីរ បានសហការជាមួយមន្ត្រីគយ និងរដ្ឋាករ ប្រចាំឃ្លាំងទំនិញ (CARGO) នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ព្រមទាំងមានការ សម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ បានត្រួតពិនិត្យកញ្ចប់បញ្ញើ មិនប្រក្រតី ដែលផ្ញើពីទីក្រុង JOHANNESBURG ប្រទេសអាហ្វ្រិកខាងត្បូង ចូលមកកម្ពុជា តាមរយៈក្រុមហ៊ុន DHL ដែលបង្កប់លាក់ សារធាតុញៀន (រាវ) ប្រភេទកេតាមីន ( KETAMINE ) ក្នុងដបជ័រ ពណ៌ស ម៉ាក ALOE GEL ចំនួន ៦០ ដប មានទម្ងន់ ១០ គីឡូក្រាម (គិតទាំងសំបក)។
វត្ថុតាងចាប់យកបាន រួមមាន សារធាតុញៀន កេតាមីន (KETAMIE) ៦០ដប ទម្ងន់សុទ្ធ ៥ គ.ក្រ ១៣៤.២០ ក្រាម៕