ឡរ៉ា ម៉ម និង វណ្ណដា៖ ធ្លាប់រងការប្រមាទ និងរិះគន់មិនឱ្យតម្លៃលើសិល្បៈបុរាណពីមនុស្សមួយចំនួនមុនបទ”Time To Rise” ផ្ទុះខ្លាំង!

តារារ៉េបកំពុងសាងប្រជាប្រិយភាពក្នុងទីផ្សារតំបន់ វណ្ណដា និងអ្នកចាត់ការទូទៅរបស់ផលិតកម្ម បារមី កញ្ញា ឡូរ៉ា ម៉ម បាននិយាយថាពួកគេធ្លាប់រងការប្រមាទ និងមិនឱ្យតម្លៃពីសំណាក់មនុស្សមួយចំនួន បន្ទាប់ពីពួកគេខិតខំជីកកកាយសិល្បៈបុរាណឱ្យរះត្រចេះត្រចង់ឡើងវិញ។

ជាក់ស្ដែងក្នុងបទ”Time To Rise “ ដែលវណ្ណដា បកស្រាយជាមួយព្រឹទ្ធាចារ្យ ចាប៉ីដងវែង គង់ ណៃ ពេលនេះបានអ្នកចូលទស្សនា ១០០ View ដែលធ្វើឱ្យពួកគេមានមោទកភាពជាខ្លាំង។ ក្នុងនោះពួកគេក៏នឹកដល់អ្នកធ្លាប់រិះគន់មួយចំនួនដែលមិនឱ្យតម្លៃលើការខិតខំប្រឹងប្រែងផ្នែកសិល្បៈបុរាណនេះទាល់តែសោះ។

អតីតតារាចម្រៀងល្បីឈ្មោះមួយរូប និងបច្ចុប្បន្នជាអ្នកចាត់ការទូទៅក្នុងផលិតកម្ម បារមី កញ្ញា ឡូរ៉ា ម៉ម បាននិយាយថា៖”គេបានប្រាប់ខ្ញុំថា ការធ្វើបទ Original គឺមិនអាចទៅរួចទេ”។ ខ្ញុំចាំបានផងដែរនូវកិច្ចសន្ទនាមួយជាមួយលោក @Arn Chorn-Pond ដែលគាត់បាននិយាយថា អាជីវកម្មខ្លះមិនឲ្យតម្លៃសិល្បៈប្រពៃណីរបស់យើង ហើយគិតថាសិល្បៈនេះតូចទាប “គួរឲ្យខ្មាស់គេណាស់”។ 

អ្នកចាត់ការទូទៅដែលជាអាណិកជនខ្មែរ អាមេរិករូបនេះបានបញ្ជាក់បន្ថែមទៀតថា៖”ឥឡូវនេះខ្ញុំយល់ហើយថា ហេតុអ្វី បានជាវាគួរឱ្យខ្លាចសម្រាប់ពួកគេ។ នេះគឺដោយសារតែការបរាជ័យគឺកើតឡើងញឹកញាប់ពេក ហើយមនុស្សជាច្រើនប្រហែលជាមានអារម្មណ៍ថាយើងបានចាញ់គ្រប់គ្រាន់ហើយ។ ចាប់ពីថ្ងៃនេះតទៅ ខ្ញុំមានជំនឿចិត្តខ្លាំងជាងពេលមុនទៅទៀត ថានេះគឺគ្រាន់តែជាការចាប់ផ្ដើមតែប៉ុណ្ណោះ។ លោកព្រឹទ្ធាចារ្យ គង់ ណៃ និង វណ្ណដា បាននិយាយថា វាដល់ពេលហើយដែលយើងក្រោកឡើង គឺដល់ពេល “Time to Rise”! ហើយប្រជាជនយើងក៏បានយល់ព្រមជាមួយពួកគាត់ដែរ គឺយល់ព្រមដល់ទៅ 100 លានដង! ដូច្នេះតោះកម្ពុជា ក្រោកឡើងវិញ”។

ដោយឡែកសម្រាប់តារារ៉េបល្បីឈ្មោះ វណ្ណដា ក៏បានថ្លែងអរគុណទៅកាន់ព្រឹទ្ធាចារ្យ គង់ ណៃ សម្រាប់ការចូលរួមជាវត្តមានដ៏ខ្ពង់ខ្ពស់របស់គាត់នៅក្នុងបទចម្រៀង Time To Rise។ អរគុណទៅកាន់អ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេសជាពិសេសសម្រាប់ការគាំទ្រកន្លងមក។

លោកបានបន្ថា Time To Rise អាចនិយាយបានថាជាបទចម្រៀងមួយដែលប្រៀបបានដូចកញ្ចក់ឆ្លុះបញ្ចាំងពីការអភិរក្ស និងអភិវឌ្ឍលើកតម្កើងមរតកជាតិ អាចធ្វើឱ្យប្រជាជនក្នុងនិងក្រៅប្រទេសជាច្រើនលើសកលលោកបានស្គាល់ពីសិល្បៈខ្មែរ ដោយទទួលបានការគោរព សាទរ ស្រឡាញ់ និង ទទួលស្គាល់វិស័យសិល្បៈនៅកម្ពុជា។ 

តារាចម្រៀងកំពុងមានទីផ្សារក្នុងតំបន់ខាងលើ កំពុងសាបព្រោះសិល្បៈវប្បធម៌ខ្មែរលើទីផ្សារតំបន់ និងនៅលើពិភពលោកតាមរយៈការរួមសហការគ្នាជាមួយតារាបរទេសនានា ហើយជាក់ស្ដែងថ្មីៗនេះ វណ្ណដា បានចេញបទចម្រៀងមួយចំនួនរួចមកហើយជាមួយតារាចម្រៀងប្រចាំប្រទេស ថៃ ដោយកំពុងទទួលការគាំទ្រជាខ្លាំងពីមហាជនទាំងក្នុង និងក្រៅប្រទេស៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap