មេធាវីតំណាងឱ្យអតីតតារាចម្រៀង ម៉ូលីកា ពីររូបបានចេញលិខិតដោយទុលរយៈពេលឱ្យតារាកំប្លែង ពីយ៉ាពីន រយៈពេល១សប្ដាហ៍ពោលគឺរហូតដល់ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខដើម្បីទូទាត់សងលុយកូនក្ដីរបស់ខ្លួន។ ប្រសិនបើមិនមានការសងតាមការកំណត់នោះ តំណាងមេធាវីទាំងពីររូបនឹងមានវិធានការផ្លូវច្បាប់។
ការដាស់តឿនពីសំណាក់មេធាវីអតីតតារាចម្រៀង រ៉ុក និងបច្ចុប្បន្នជាតារាអនឡាញល្បីឈ្មោះម្នាក់ គឺបន្ទាប់ពីអ្នកនាងបានផុសលើបណ្ដាញសង្គម Facebook របស់ខ្លួនពីតារាចំនួន២ដួងដែលជំពាក់លុយនាង តែមិនបានសងតាមការកំណត់របស់ខ្លួន។
ក្នុងលិខិតរបស់មេធាវី ម៉ូលីកា បានបញ្ជាក់ថា តារាកំប្លែង ពី យ៉ាពីន បានជំពាក់ប្រាក់កូនក្ដីរបស់ខ្លួន ប្រមាណ ១៥៧៧ ដុល្លារ ដោយសន្យាសងតាមការកំណត់។ តែយ៉ាងណាតារាកំប្លែងល្បីឈ្មោះរូបនេះ មិនបានសងតាមការកំណត់នោះទេ។ ជាហេតុធ្វើឱ្យនាងក្រពុលមុខ ដោយចាត់មេធាវីរបស់នាងឱ្យចាត់ការលើរឿងនេះតែម្ដង។
ទាក់ទងការចេញលិខិតពីមេធាវីរបស់តារាចម្រៀងអ្នកនាង ម៉ូលីកា តារាកំប្លែងល្បីឈ្មោះ មានឈ្មោះដើម កែវ ពេជ្រពិសី ហៅ ពី យ៉ាពីន មិនអាចសុំការស្រាយបំភ្លឺបានទេនាពេលនេះ ដោយទូរសព្ទរបស់នាងមិនអាចទាក់ទងបាន។
យ៉ាងណាក៏ដោយក្រុមមេធាវីរបស់អតីតតារាចម្រៀង ម៉ូលីកា បានបញ្ជាក់ថាប្រសិនបើ តារាកំប្លែងរូបនេះមិនបានឆ្លើយតប ឬសងប្រាក់តាមការកំណត់ ពោលគឺរហូតដល់ថ្ងៃទី ៣ ខែវិច្ឆកា ឆ្នាំ២០២២ ខាងមុខនោះទេ នោះពួកគេនឹងមានវិធានការផ្លូវច្បាប់តែម្ដង។
សូមបញ្ជាក់តារាចម្រៀងអ្នកនាង ម៉ូលីកា ដែលជាតារាអនឡាញល្បីឈ្មោះមួយរូប កំពុងតែក្រពុលមុខរឿងមនុស្សជាច្រើនបានជំពាក់ប្រាក់របស់នាងតែមិនព្រមសង។ ក្នុងនោះភាគច្រើនត្រូវគេស្គាល់ថាជាតារាៗទៀត ដោយថ្មីៗនេះនាងទើបផុសបង្ហាញមុខជាសាធារណៈតារាចំនួន២ដួងដែលជំពាក់ប្រាក់មិនព្រមសង ហើយក៏មានតារាកំប្លែង ពី យ៉ាពីន ផងដែរ មុននឹងអ្នកនាងចាត់ឱ្យក្រុមមេធាវីខ្លួនមានចំណាត់ការផ្លូវច្បាប់នាពេលនេះ៕