តារាចម្រៀងល្បីឈ្មោះអ្នកនាង ពេជ្រ សោភា និងលោក ឆឹម សក្កដា ដែលជាអតីតគូស្នេហ៍នាពេលកន្លងមក ពួកគេនៅតែបង្ហាញពីភាពស្និទ្ធស្នាល និងផ្អែមល្ហែមដាក់គ្នាជានិច្ច បើទោះជាពួកគេបានចែកផ្លូវគ្នាដើរហើយក៏ពិតមែន។
ជាក់ស្ដែងកាលពីពេលថ្មីពួកគេទាំងពីរបានចូលរួមពិធីមង្គលការមួយ ហើយថែមទាំងចូលរួមកាត់សក់ដល់កូនកម្លោះកូនក្រមុំរួមគ្នា ហើយបានច្រៀងបទចម្រៀងរួមគ្នាទៀតផង រហូតធ្វើឱ្យមហាជនដែលជាអ្នកគាំទ្រតារាទាំងពីរដួងនេះសរសេរពីការធ្វើចិត្តបានពីតារាទាំងពីរដួង។
តាមរយៈវីដេអូបានចែកចាយ ទាំង ពេជ្រ សោភា និងលោក ឆឹម សក្កដា បាននិយាយថាពួកគេនៅតែបន្តរាប់អានគ្នាដូចបងប្អូន និងគ្មានរឿងអ្វីរកាំរកូសជាមួយគ្នានោះទេនាពេលកន្លងទៅ ហើយការបែកបាក់ក៏ពួកគេទាំងពីរជាអ្នកសម្រេចចិត្តជ្រើសរើសផ្លូវដើររៀងៗផងដែរ។
បើទោះជាអ្នកទាំងពីរបញ្ជាក់បែបនេះក៏មានដែរបណ្ដាអ្នកសិល្បៈ និងហ្វេនៗជាច្រើននៅតែគិតថាតារាទាំងពីរដួងនេះនៅតែជាគូស្នេហ៍នឹងគ្នា ហើយថ្ងៃណាមួយពួកគេនឹងត្រូវគ្នាវិញដូចដើម ហើយអាចកសាងជីវិតជាប្ដីប្រពន្ធទៅថ្ងៃខាងមុខបាន។
យ៉ាងណាក៏ដោយមានប្រភពអ្នកស្និទ្ធតារាល្បីឈ្មោះទាំងពីរខាងលើបញ្ជាក់ថាទាំង ពេជ្រ សោភា និង ឆឹម សក្កដា នឹងមិនអាចវិលមកជួបជុំគ្នាដូចដើមបានទេ ព្រោះពួកគេទាំងពីរមានជម្រើសផ្សេងៗទៀតរួចរាល់ហើយ គឺរង់ចាំតែថ្ងៃបញ្ចេញមុខជាសាធារណៈ និងថ្ងៃចូលការតែប៉ុណ្ណោះ។ គ្រាន់តែរយៈពេលនេះពួកគេមិនទាន់បញ្ចេញជាផ្លូវ ហើយប្រសិនបើថ្ងៃណាមួយល្អនោះពួកគេនឹងបញ្ចេញមុខគូស្នេហ៍រៀងៗខ្លួនឱ្យមហាជន និងហ្វេនៗបានដឹង។
សូមបញ្ជាក់ថាអ្នកនាង ពេជ្រ សោភា និងលោក ឆឹម សក្កដា ធ្លាប់ជាគូស្នេហ៍នឹងគ្នាបានមួយរយៈ ហើយក៏បែកបាក់គ្នាទៅវិញ។ ការបែកបាក់របស់ពួកគេទាំងពីរមិនមានបញ្ហាហែកហួរគ្នាដូចជាអ្នកសិល្បៈមួយចំនួនទេ ពោលគឺម្នាក់ស្ម័គ្រចិត្តទទួលយករៀងៗខ្លួន ដែលក្នុងនោះទទួលការសរសើរជាខ្លាំងពីមហាជន។ អ្វីដែលមហាជនកាន់តែសរសើរទៀតនោះគឺបែកបាក់ហើយ តែពួកគេនៅតែបន្តភាពផ្អែមល្ហែម ប្រៀបដូចជាគូស្នេហ៍ដូចមុនផងដែរ៕