កញ្ញា ហង្ស សុរិយាន់ ដែលជាជយលាភីលំដាប់រងទី១ Miss Grand Cambodia 2022 បានលាលែងពីតំណែងទាំងគួរអោយភ្ញាក់ផ្អើលកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
ការលាលែងពីតំណែងរបស់ បវរកញ្ញារូបនេះកំពុងធ្វើអោយមហាជនអ្នកស្រលាញ់វិស័យបវរកញ្ញាមានការភ្ញាក់ផ្អើលជាខ្លាំង និងដាក់ការចោទសួរថា តើមកពីរឿងទំនាស់លុយកាក់ឬយ៉ាងណាទើបកញ្ញាសម្រេចចិត្តបែបនេះ។
ទាំងនេះព្រេាះធ្លាប់កើតឡើងម្ដងហើយ ចំពេាះ កញ្ញា សេង រដ្ឋា ដែលជាអតីត Miss Grand Cambodia 2020 កាលនេាះមានដំណឹងថា ព្រេាះរឿងលុយកាក់នេះហើយទើបកញ្ញាប្រកាសាឈប់ពី Miss Grand ដោយជំនួសវិញដោយកញ្ញា លីវ ជីលី។
លិខិតដែលកញ្ញា ហង្ស សុរិយាន់ ផ្ញើទៅកាន់លោក អុិន សុភិន ដែលជាអ្នកចាត់ការទូទៅ Miss Grand Cambodia មិនបានបញ្ជាក់ពីមូលហេតុពិតប្រាកដ នៃការលាលែងនេាះទេ។ កញ្ញាគ្រាន់តែបញ្ជាក់ដោយខ្លីថា ស្នើសុំលាឈប់ពីតំណែង ជយលាភីលំដាប់រងទី១ នៃកម្មវិធី Miss Grand Cambodia 2022 ចាប់ពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ តទៅ។
ទាក់ទងការលាឈប់ពីតំណែងជយលាភីលំដាប់រងទី១របស់ កញ្ញា ហង្ស សុរិយាន់ នេះ លោក អុិន សុភិន ដែលជាអ្នកចាត់ការទូទៅ Miss Grand Cambodia និងជាអគ្គនាយកក្រុមហ៊ុន មហាហង្ស មិនអាចសុំការស្រាយបំភ្លឺបានទេ ដោយទូរសព្ទរបស់លោកមិនអាចទាក់ទងបាន។
យ៉ាងណាក៏ដោយអ្នកចាត់ការទូទៅរូបនេះ កំពុងរីកមុនរីកមាត់ បម្ទាប់ពីកញ្ញ ពេជ្រ វត្តីសារ៉ាវឌ្ឍី ធ្វើបានយ៉ាងល្អសម្រាប់ការប្រកួត Miss Grand International 2022 នៅឯប្រទេសឥណ្ឌូណេសុី ដោយជាប់ក្នុង Top ១០ និងទទួលបានតំណែងជយលាភីលំដាប់រងទី៤ ផងដែរ។
សូមបញ្ជាក់ថា កញ្ញា ហង្ស សុរិយាន់ គឺជាបវរកញ្ញាមួយរូបមានការតស៊ូ និងលះបង់ខ្លាំងលើវិស័យបវរកញ្ញានេះ ដោយកញ្ញា ធ្លាប់ចូលរួមប្រកួតប្រជែងកម្មវិធីជាច្រើន មុននឹងក្លាយជា ជយលាភីលំដាប់រងទី១ នៃកម្មវិធី Miss Grand Cambodia 2022 និងបានលាឈប់នាពេលនេះដោយមិនដឹងពីមូលហេតុ៕