តារាចម្រៀងវ័យក្មេង និងកំពុងលេចធ្លោរបស់ផលិតកម្ម សាន់ដេ លោក អនុស្សាវរីយ៍ បានច្រឡោតខឹងជាខ្លាំងក្រោយពីមានបុរសម្នាក់ទំនងជាស្រវឹងស្រាខ្លាំងបានយកស្របៀរ មកជះលើមុខរបស់ខ្លួន ខណៈកំពុងឡើងបកស្រាយបទចម្រៀងក្នុងកម្មវិធីមង្គលការមួយនៅឯខេត្ត កំពង់ស្ពឺ កាលពីយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ។
តាមរយៈវីដេអូខ្លីបែកធ្លាយនៅលើបណ្តាញសង្គម Tiktok បានធ្វើឱ្យមហាជន ភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីតារាចម្រៀងល្បីឈ្មោះរូបនេះប្រកែកជាមួយបុរសម្នាក់កំពុងរាំនៅមុខឆាក នៅពេលជះស្រាបៀរដាក់មុខរបស់លោករួចហើយ។ តារារូបនេះទំនងខឹងខ្លាំងណាស់ ក៏ប៉ុន្តែលោកបានទប់អារម្មណ៍មិនបានបង្កបញ្ហា ឬមានជម្លោះបន្តជាមួយភ្ញៀវក្នុងពិធីមង្គលនោះទេ។
យ៉ាងណាក៏ដោយបើតាមការបញ្ជាក់ពីលោក អនុស្សាវរីយ៍ ដែលជាតារាចម្រៀងវ័យក្មេងកំពុងមានឈ្មោះល្បី ដោយទស្សនិកជនប្រៀបធៀបសំឡេងលោកស្រដៀងគ្នាទៅនឹង ឧកញ៉ា ខេមរៈ សិរីមន្ត បាននិយាយថាលោកមិនដែលមានបញ្ហា ឬទំនាស់ជាមួយនរណាម្នាក់ឡើយនាពេលកន្លងមក។
ម្យ៉ាងទៀតយប់ថ្ងៃកើតហេតុដែលមានបុរសម្នាក់មកគប់ស្រាបៀរដាក់មុខរបស់ខ្លួន លោកក៏មិនបានដឹងពីមូលហេតុពិតប្រាកដដែរ ដោយគ្រាន់តែមើលទៅបុរសម្នាក់នោះទំនងជាស្រវឹងស្រាខ្លាំងតែប៉ុណ្នោះ។
ម្ចាស់បទ «រាំទៅៗ» បន្តថា លោកពិតជាខឹងមែនទែន ទើបធ្វើឱ្យលោក ត្រូវឈប់ ច្រៀងភ្លាមៗ ក្នុងកម្មវិធី តែម្តងដោយមិនបានទទួលពាក្យ សុំទោសពីបុរស វ័យក្មេងនោះឡើយ ហើយលោកក៏ត្រឡប់មកវិញដើម្បីបញ្ចប់ជម្លោះ ហើយម្ចាស់កម្មវិធីបានសុំទោសលោកជំនួសវិញ។
សូមបញ្ជាក់ថា អនុស្សាវរីយ៍ ជាតារាចម្រៀងវ័យក្មេងម្នាក់កំពុងលេចធ្លោក្នុងផលិតកម្ម សាន់ដេ ហើយទស្សនិកជនជាច្រើនបានចាត់ទុកថាតារាចម្រៀងវ័យក្មេងរូបនេះ គឺជាគ្រាប់ពេជ្រថ្មីរបស់ សាន់ដេ ក្រោយពីការចាកចេញរបស់ ខេមរៈ សិរីមន្ត ទៅកាន់ផលិតកម្ម ហង្សមាស នាពេលកន្លងទៅ។
ដោយឡែកសម្រាប់ការជះស្រាបៀរដាក់មុខលោក យឿន សូតអនុស្សាវរីយ៍ នេះមិនមែនជាលើកទីមួយនោះទេ ដែលសិល្បករមួយ ចំនួនត្រូវរងកំហឹងគេជះស្រាបៀរដាក់ខ្លួនពេលកំពុងច្រៀងដោយមិនដឹងមូលហេតុ។ កន្លងទៅ តារាចម្រៀង ទេព បូព្រឹក្ស ក៏ត្រូវបុរសម្នាក់ជះស្រាដាក់ដូចគ្នាដែលធ្វើឱ្យផ្ទុះកក្រើកយ៉ាងខ្លាំង ព្រោះតែទង្វើនេះមិនបានផ្តល់តម្លៃទៅកាន់អ្នកសិល្បៈ៕