តារាកំប្លែងល្បីឈ្មោះ លោក ខាត់ ចំរើន ដែលត្រូវជាប្អូនបង្កើត តារាពហុជំនាញអ្នកនាង ខាត់ សុឃីម បានទទួលមរណភាពកាលពីព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅមន្ទីពេទ្យ កាលើម៉ែត្រ ដោយជំងឺគាំងបេះដូង។
បើតាមអ្នកនាង ខាត់ សុឃីម ដែលត្រូវជាបងស្រីបង្កើតរបស់តារាកំប្លែងរូបនេះបានឲ្យដឹងថាប្អូនប្រុសរបស់ខ្លួនបានសន្លប់បាត់ស្មារតីអស់រយៈពេលមួយថ្ងៃ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះបន្ទាន់ ប៉ុន្តែទោះបីក្រុមគ្រូពេទ្យខិតខំជួយសង្គ្រោះយ៉ាងណា ក៏មិនអាចជួយបានដែរ ពោលគឺនៅវេលាម៉ោង ៥៖០០នាទីព្រឹកថ្ងៃទី ២០ ខែវិច្ឆិកានេះ ខាត់ ចំរើន បានទទួលមរណភាព ដោយសារតែគាំងបេះដូង និងជំងឺថ្លើមធ្ងន់ធ្ងរ។
លោក ខាត់ ចំរើន ជាតារាកំប្លែង និងជាអ្នកច្រៀងតាមពិធីមង្គលការ និងពិធីកាត់សក់ កន្លងមកលោកធ្លាប់បានទម្លាយឱ្យដឹងថា រូបលោកកំពុងតែមានជំងឺ «ថ្លើម» ដែលទាមទារឲ្យលោកត្រូវការព្យាបាលជាចាំបាច់។
មរណភាពរបស់តារាកំប្លែងល្បីឈ្មោះ រូបនេះគឺជាការបាត់បងធនធានដ៏សំខាន់មួុយទៀតសម្រាប់វុស័យតារាកំប្លែងនៅកម្ពុជា ហើយនេះក៏ដំណឹងដ៏ក្រៀមក្រំសម្រាប់បងប្អូនមិត្តរួមអាជីព និងទស្សនិកជនផងដែរ។
សពលោក ខាត់ ចំរើន នឹងត្រូវបារព្ធធ្វើឡើងនៅគេហដ្ឋាននៃសព ក្នុងបុរីពន្លឺថ្មី ភូមិត្រពាំងព្រាយ ភ្នំបាសិត ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថាតារាកំប្លែង ខាត់ ចំរើន បានទទួលមរណភាព នាវេលាម៉ោង ៥៖០០នាទីទាបភ្លឺ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅមន្ទីរពេទ្យកាល់ម៉ែត ដោយសារជំងឺគាំងបេះដូង និងជំងឺថ្លើមធ្ងន់ធ្ងរ៕