ឈុតតំណាងជាតិរបស់ កម្ពុជា “ណាំងស្បែកធំ ឬ ស្បែកធំ” ដែលគ្រងដោយបុរសសង្ហារបស់កម្ពុជា យូ ថូនវណ្ណៈ ដែលចូលរួមការប្រកួត Mister Grand International 2022 នៅប្រទេស TRINIDAD AND TOBAGO (ទ្វីបអាមេរិចខាងត្បូង) កំពុងទទួលការចាប់អារម្មណ៍ជាខ្លាំង។
យោងតាមជាផ្លូវការរបស់ Mister Grand Cambodia 2022 យូ ថូនវណ្ណៈ បានឱ្យដឹងថា ឈុតតំណាងជាតិដែលបង្ហាញពីសិល្បៈល្ខោនស្បែកធំខ្មែរ បានជាប់ចំណាត់ថ្នាក់ល្អនៅក្នុង Top10 កម្មវិធី Mister Grand International 2022 ដែលជាឈុតតំណាងជាតិល្អដាច់គ្នាទាំង ១០។ ប៉ុន្តែគេនៅរង់ចាំមើលថា តើឈុតតំណាងជាតិរបស់ប្រទេសណាមួយនឹងបានជយលាភីលេខ១ នៅថ្ងៃផ្ដាច់ព្រ័ត្រ។
សូមជម្រាបថា ឈុតតំណាងជាតិ «ស្បែកធំ» រចនាម៉ូដឡើងដោយលោក ជួប វិចិត្រ ហៅ ស្ករគ្រាប់ ដោយលោកមានគោលបំណងចង់ឱ្យពិភពលោកស្គាល់កាន់តែច្បាស់ពីសិល្បៈល្ខោនស្បែកធំខ្មែរ ដែលមានអាយុកាលជាយូរលង់ណាស់មកហើយ។
ដោយឡែកល្ខោនស្រមោលស្បែកធំរបស់ខ្មែរ មាននៅក្នុងទឹកដីប្រទេសកម្ពុជាតាំងពីសតវត្សរ៍ទី១ មកម្លេះ ដែលត្រូវបានសាកលលោកទទួលស្គាល់ និងឱ្យតម្លៃជាសម្បត្តិមនុស្សជាតិដ៏អស្ចារ្យ និងបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោកលើបេតិកភណ្ឌបញ្ចេញសំឡេងអរូបី មនុស្សជាតិកាលពីឆ្នាំ ២០០៥ នៃអង្គការយូណេស្កូ។
តាមរយៈការបបង្ហាញឈុតតំណាងជាតិ «ស្បែកធំ» គេមើលឃើញថាបានបង្ហាញពីតួអង្គ ២ ក្នុងរឿងរាមកេរ្តិ៍ គឺតួអង្គព្រះរាម និងតួអង្គទសក័ណ្ឋ។ ដោយតួទាំង២អង្គនេះទ្រង់គ្រឿងពណ៌បៃតង និងជាពិសេសការរចនាម៉ូដបន្ថែមដោយរំលេចទឹកមាស ដើម្បីឱ្យឈុតក៏តែមើលទៅអស្ចារ្យទាក់ភ្នែកតែម្ដង៕