ក្រោយពីរងការរិះគន់ជាខ្លាំងពីសំណាក់ទស្សនិកជន និងអ្នកគាំទ្រសម្រាប់វត្តមានតារារ៉េបល្បីឈ្មោះ ជី ដេវីត ថ្ងៃបើកកីឡាជាតិលើកទី៣ កាលពីពេលថ្មីៗ។
សម្រាប់ថ្ងៃបិទកម្មវិធីនេះវិញដែលត្រូវធ្វើឡើងនៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ វត្តមានតារារ៉េបឈានមុខរបស់ កម្ពុជា វណ្ណដា នឹងចូលរួមវិញម្ដង ដោយលោកត្រៀមនឹងលើកយកបទចម្រៀង Time To Rise “ ដ៏ល្បីល្បាញយកទៅបកស្រាយ។
ការយកតារារ៉េប វណ្ណដា យកទៅបកស្រាយ ក្នុងពិធីបិទកីឡាជាតិលើកទី៣នេះ ទំនងជាដើម្បីផ្គាប់ចិត្តអ្នកគាំទ្រ ឬដើម្បីកុំឱ្យមានការរិះគន់តទៅទៀត ខណៈថ្ងៃបើកពិធីនេះកន្លងទៅមានភាពចម្រូងចម្រាសច្រើនទាក់ទងការយក ជី ដេវីត មកច្រៀង និងបានបកស្រាយបទចម្រៀង ដែលនិយាយពីភាពអួតអាងជាដើម។
ក្រៅតែពីតារារ៉េបល្បីឈ្មោះ វណ្ណដា ក្នុងពិធីបិទកីឡាជាតិលើកទី៣ ថ្ងៃ ៣០ ខែវិច្ឆកា ខាងមុខនេះ ក៏មានវត្តមានតារាស្រីឈានមុខរបស់ផលិតកម្ម ហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា ចូលរួមផងដែរ ដោយអ្នកនាងនឹងបកស្រាយបទចម្រៀងមានចំណងជើងថា “ក្រោកឈរ”។
ថ្ងៃបិទកម្មវិធី កីឡាជាតិលើកទី៣នេះផងដែរ ក៏មានការអញ្ជើញចូលរួមជាអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ដែលក្រោយពីការអញ្ជើញដល់ គឺមានកម្មវិធីដង្ហែក្បួនព្យុហយាត្រាការសម្ដែងឧបករណ៍តន្រីបុរាណខ្មែរជាច្រើនទៀត។
សូមបញ្ជាក់ថាបញ្ហារកាំរកូសរវាង វណ្ណដា និង ជី ដេវីត នៅតែបន្តមានជាហួរហែពីសំណាក់អ្នកគាំទ្រទាំងសងខាង ដោយម្នាក់ៗប្រកាន់ Idol របស់ខ្លួនជាមនុស្សល្អ និងត្រូវរៀងៗខ្លួន។ ជាក់ស្ដែងដូចជាការចូលរួមច្រៀងថ្ងៃបិទ កីឡាជាតិលើកទី៣ ពីសំណាក់ វណ្ណដា នេះជាដើមត្រូវអ្នកគាំទ្ររបស់ពួកគេគិតថាជារឿងល្អ និងសក្កិសមព្រោះតែមានមានបទចម្រៀងដ៏ល្អ និងទាក់ទាញដែលជួយលើកតម្កើតកិត្តិយសជាតិគឺបទ”Time To Rise” ជាដើម៕