អតីតតារាចម្រៀង និងជាមេតុងទីល្បីឈ្មោះអ្នកនាង ម៉ូលីកា បានប្រកាសក្ស័យធនចំពោះការលេងតុងទីនកន្លងមកជាមួយបណ្ដាអ្នកលេងជាមួយខ្លួន ដោយលើកហេតុផលថាមានកូនៗជាច្រើនបានបោកប្រាស់មិនព្រមបង់។
ការប្រកាសនេះបានរងការរិះគន់ និងជេរប្រទេសជាខ្លាំងពីសំណាក់មហាជន និងកូនៗអ្នកលេងតុងទីននានា។ ដោយឃើញការរិះគន់ខ្លាំងពេកបែបនេះអតីតតារាចម្រៀងរបស់ផលិតកម្ម រ៉ុក បានធានាអះអាងថានឹងរកលុយសងកូនៗរងគ្រោះមិនឱ្យនរណាម្នាក់ទឹកភ្នែកនោះទេ។
តាមរយៈបណ្ដាញសង្គមរបស់ខ្លួន ម៉ូលីកា បានបញ្ជាក់យ៉ាងដូច្នេះថា៖”ទោះកូនរត់ កូនបោក កូនបន្លំ កូនមិនមានទំនួលខុសត្រូវសងលុយខ្ញុំមកវិញក្ដី។ក៏ប៉ុន្តែខ្ញុំនៅតែនិយាយពាក្យដដែលថានឹងនៅរកលុយសងកូនកូនរងគ្រោះទាំងអស់មិនអោយបាត់សូម្បី1$ឡើយ។ ខ្ញុំសុខចិត្តលក់ឡានលក់របស់របរសងទាល់តែអស់ហើយនៅថាខ្ញុំបោកទៀតមែនទេ ហើយខ្ញុំមិនសុំអ្វីច្រើនពីរបងប្អូនឡើយសុំត្រឹមទុកពេលអោយខ្ញុំរកពីចំណុចសូន្យមកវិញដើម្បីសងបងប្អូនដែលមិនទាន់បានលុយ ហើយបងប្អូនអាចមកធ្វើឯកសារបានដើម្បីទំនុកចិត្ត”។
អតីតតារាចម្រៀងរូបនេះបន្តទៀតថា៖”មនុស្សណាដែលចង់បានជីវិតធ្លាក់មកដល់ចំណុចនិង គឺគ្មានទេ មនុស្សណាដែលចង់អោយគេបោក មនុស្សណាដែលខំសាងកេរ្តិ៍ឈ្មោះបានដល់ចំណុចនេះហើយ ក៏ត្រូវមកក្លាយជាបែបនេះ គ្មាននរណារចង់បានជីវិតបែបនេះទេ គ្មាននណារចង់ខុសទេ ។ ចឹងសូមបងប្អូនអនុគ្រោះ ឈប់បន្តរការជេរ ការវាយប្រហារ ការផុស ចំពោះរូបខ្ញុំទៀតផងចុះ
ខ្ញុំក្សយ័ធុននិងទុងទីននិងអស់ហើយ”។
សូមបញ្ជាក់ថាកាលពីពេលថ្មីៗនេះមានផ្ទុះប្រតិកម្មពីបណ្ដាអ្នកលេងតុងទីនជាច្រើនបានចោទអតីតតារាចម្រៀង ម៉ូលីកា ថាបានបោកប្រាស់ការលេងតុងទីន រហូតពាក់ព័ន្ធជាមួយលោកជំទាវ ហ៊ុន ស៊ីណាត ទៀតផង ។ ក្នុងនោះលោកជំទាវ បានចេញមកបកស្រាយចំពោះរឿងនេះថាលោកជំទាវគ្មានជាប់ពាក់ព័ន្ធអ្វីជាមួយតារារូបចំពោះការលេងតុងទីនហ្នឹងនោះទេ ហើយលោកជំទាវថែមទាំងស្នើឱ្យប្ដឹងថែមទៀតផងប្រសិនបើពិតជាមានរឿងបោកប្រាស់បែបនេះមែន ដោយលោកជំទាវមិនបានពាំង ឬធ្វើជាខ្នងបង្អែកអ្វីនោះទេ៕