សំណាង អេលីណា មិនហ៊ានទទួលយកស្នេហា ព្រោះចង់ទុកពេលតាមរកក្តីស្រមៃខ្លួន !

តារាសម្តែងកញ្ញា សំណាង អេលីណា មិនត្រឹមតែស្រស់ស្អាត និងមានទេពកោសល្យសម្តែងល្អប៉ុណ្ណោះទេ នាងថែមទាំងជានារីសប្បូរស្នេហ៍ផងដែរ ដោយមានបុរសជាច្រើនតាមសុំស្រឡាញ់ និងសុំនាងរៀបការ។ ក៏ប៉ុន្តែដោយសារមានបំណងប្រាថ្នាធំនៅក្នុងជីវិត បានធ្វើឱ្យកញ្ញា សម្រេចចិត្ត បិទបេះដូងមិនទទួលស្នេហាពីបុរសណាឡើយ ដើម្បីទុកពេលវេលាតាមរកក្តីស្រមៃខ្លួន ។
តារាសម្តែង និងជាតារាម៉ូដែលរូបនេះ បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ខ្លាំងបន្ទាប់ពីមានវត្តមាននៅក្នុងរឿងភាគរបស់ទូរទស្សន៍ ភីអិនអិន ដែលមានចំណងជើងថា « កុងត្រាបេះដូង » ។ បើទោះបីជារឿងនេះបានបញ្ចប់ទៅក៏ពិតមែន តែស្នាដៃរបស់នាងនៅតែដកក្នុងអារម្មណ៍ទស្សនិកជន ហើយមានទស្សនិកជនជាច្រើននៅតែទន្ទឹងរងចាំមើលស្នាដៃថ្មីរបស់នាង ។

មកទល់ពេលនេះតារាសម្តែងល្បីឈ្មោះរូបនេះ នៅពុំទាន់មានគម្រោងថត រឿងភាគថ្មីណាមួយនៅឡើយទេ ដោយនាងបានប្រាប់ថា ចំពោះរឿងភាគនាងសុំផ្អាក មិនទទួលថតឡើយ ព្រោះការថតរឿងភាគត្រូវចំណាយពេលវេលាថតយូរ ណាមួយមួយរយៈពេលចុងក្រោយនេះ នាងចង់ផ្តោតអារម្មណ៍ខ្លាំងទៅលើការសិក្សាច្រើនជាងការសម្តែង ។
ទន្ទឺមនិងការផ្អាកមិនទទួលថតរឿងភាគកញ្ញា ក៏ប្រកាសបិទបេះដូង មិនទទួលយកស្នេហាពីបុរសណាម្នាក់ដែរ បើទោះបីជាមានបុរសជាច្រើនតាមសុំស្នេហ៍នាងជាច្រើនក្តី ។ សំណាង អេលីណា បានបញ្ជាក់ប្រាប់ថា នាងមិនទាន់ចង់រៀបការនៅក្នុងពេលនេះទេ ព្រោះនាងមានបំណងប្រាថ្នាធំមួយក្នុងជីវិត គឺនាងចប់បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ ផ្នែកទំនាក់ទំនងអន្តរជាតិដើម្បីធ្វើការងារនៅក្នុងស្ថានទូតណាមួយ ។

ថ្វីដ្បិតតែប្រកាសមិនទទួលថតរឿងថ្មីតែ សំណាង អេលីណា នៅទទួលថតផ្សព្វផ្សាយពាណិជ្ជកម្មឱ្យបណ្តាក្រុមហ៊ុននានាដូចមុនដដែល ជាក់ស្តែងថ្មីៗនេះនាងមមាញឹកខ្លាំងនៅក្នុងការថតស្ពត និង ថតសំអាងការជាដើម…។ សំណាង អេលីណា ក៏នឹងវិលត្រឡប់មកជួបទស្សនិកជនជាថ្មីម្តងទៀតនៅឆ្នាំក្រោយតាមរយៈរឿងថ្មីរបស់ទូរទស្សន៍ ភីអិនអិន ៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap