ជាដំណឹងដ៏គួរឱ្យរីករាយមួយសម្រាប់បងប្អូនដែលជាអ្នកជួលបន្ទប់ឬផ្ទះគេស្នាក់នៅដូចជា កម្មករ និស្សិត និងអ្នកធ្វើការផ្សេងៗទៀតនឹងលែងមានជាបញ្ហាចោទទៀតហើយសម្រាប់បញ្ហាទឹកស្អាត ដោយរដ្ឋនឹងកំណត់មិនឱ្យម្ចាស់ផ្ទះយកថ្លៃលើសពី ១ពាន់រៀលក្នុងមួយម៉ែតគូបនោះទេ។
ថ្លែងនៅក្នុងសន្និសិទសារព័ត៌មានស្ដីពី“បច្ចុប្បន្នភាពក្នុងការផ្គត់ផ្គង់ទឹកស្អាតនៅភូមិសាស្ត្ររាជធានីភ្នំពេញ” កាលពីថ្ងៃទី៩ ខែមិថុនា ២០២២កន្លងទៅ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញឯកឧត្ដម ឡុង ណារ៉ូ មានប្រសាសន៍ថា ចាប់ពីឆ្នាំ២០២៣ទៅ ករណីតម្លៃទឹកលើសពី១ ០០០រៀលក្នុងមួយម៉ែត្រគូប សម្រាប់អ្នកជួលផ្ទះឬជួលបន្ទប់ នឹងលែងកើតមាន។
ការអះអាងបែបនេះបន្ទាប់ពីមានការត្អូញត្អែពីកម្មករ និងសិស្ស-និស្សិត ថាតម្លៃទឹកនៅតាមបន្ទប់ជួលនៅរាជធានីភ្នំពេញ គឺថ្លៃលើសពី២ដងនៃតម្លៃកំណត់របស់រដ្ឋាករទឹក ដែលមិនស្របតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្ដមបន្តមន្ត្រីជំនាញនឹងចុះផ្ទាល់ដល់ទីតាំងហើយ រដ្ឋាករទឹកនឹងធ្វើការជាមួយអ្នកលក់ទឹកបន្តទាំងអស់ និងមានការចូលរួមពីអាជ្ញាធរដែនដី ដោយយកចិត្តទុកដាក់លើលក្ខណៈបច្ចេកទេស អាជីវកម្ម ដើម្បីធ្វើយ៉ាងណាឱ្យតម្លៃទឹកត្រូវតែលក់តាមការលើកឡើងរបស់នាយករដ្ឋមន្ត្រី។
ជាពិត សម្រាប់ពលរដ្ឋក្នុងរាជធានីភ្នំពេញ ជាពិសេសកម្មករ-កម្មការិនី សិស្ស-និស្សិត គឺតម្លៃទឹកលក់ត្រឹមតែ៧០០-៨០០រៀលប៉ុណ្ណោះក្នុងមួយម៉ែត្រគូប។ ទោះជាបែបនេះក្ដី តម្លៃនៅតាមបន្ទប់ជួលជាដើម ត្រូវបានគេលក់ដល់ទៅ២ ៥០០រៀល ឬលើសពីនេះក្នុងមួយម៉ែត្រគូប ដោយសារតែសម្ពាធទឹកខ្សោយ ហើយអ្នកលក់ទឹកបន្តក៏គិតគូរទៅតាមតម្លៃវិនិយោគដែលពួកគេចំណាយដើម្បីភ្ជាប់ទឹកឱ្យចូលដល់តាមជាក់ស្តែង ដូចជា ថ្លៃបំពង់ ម៉ាស៊ីនបូមទឹក នាឡិកាទឹក និងថ្លៃអគ្គិសនី។
ដំណឹងដ៏រីករាយនេះបានធ្វើឱ្យកម្មករ និស្សិត និងបណ្ដាអ្នកជួលផ្ទះគេស្នាក់នៅមានភាពរីករាយជាខ្លាំង ដោយពួកគេលើកឡើងថានេះគឺជាការទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាល ហើយក៏បានជួយកាត់បន្ថយការចំណាយរបស់ពួកគេផងដែរប្រសិនបើរឿងនេះកើតឡើងចាប់ពីឆ្នាំ២០២៣នេះតទៅមែន
សូមបញ្ជាក់ថាកាលពីពេលថ្មីកន្លែងទៅ ក្រសួងឧស្សាហកម្មបានចេញសេចក្តីសម្រេចមួយ ដោយកំណត់ឱ្យម្ចាស់ផ្ទះជួលទាំងអស់លក់ទឹកស្អាតតម្លៃ៨០០រៀលក្នុង១ម៉ែត្រគូប ដល់សិស្ស-និស្សិត និងកម្មករ ទៅតាមបទបញ្ជារបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ប៉ុន្តែបញ្ហាលក់ទឹកក្នុងតម្លៃលើសការកំណត់នេះនៅតែកើតឡើងសម្រាប់ពួកទាំងនេះ៕